ព័ត៌មានជាតិ

ព្រោះរឿងសង្ស័យ បុរសពីរនាក់ជិះម៉ូតូដេញគប់ ខណៈភាគីម្ខាងទៀតបញ្ឆេះម៉ាស៊ីនទូករត់ បណ្ដាលឲ្យរបួសម្នាក់យ៉ាងដំណំ

កណ្តាល: កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យរងរបួសមនុស្សម្នាក់ នៅចំណុចចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យ០២នាក់ ត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក មានទីលំនៅ ភូមិលេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នអ្នកទាំង០២ ស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១.ដុំថ្ម ០១ដុំ
២.ម៉ូតូ២គ្រឿង (ម៉ាកវេវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ០១គ្រឿង និងម៉ូតូម៉ាកស៊ុយស៊ីគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-5250 ចំនួន១គ្រឿង)។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុឈ្មោះ ហុក ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូចនៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះលីម ម៉ាត់សារី បានជិះម៉ូតូម្នាក់១គ្រឿង ត្រឡប់ពីចំណុចពាមសូរ តាមផ្លូវខាងត្បូងព្រែកឃ្លោក ក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យខាងលើ មានការសង្ស័យអ្នកទាំងពីរនេសាទត្រីខុសច្បាប់ (ឆក់) ក៏បានសួរនាំថា៖ ពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះជនសង្ស័យ បានឃើញអាគុយចំនួន០១ នៅក្នុងទូក ក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនឲ្យត្រួតពិនិត្យ ក៏បញ្ឆេះម៉ាស៊ីនទូក ចេញសំដៅទៅទិសខាងកើត (ពាមសូរ)បានចម្ងាយប្រហែល៥០០ម៉ែត្រ ទើប ឈ្មោះលីម ម៉ាត់
សារីនិងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាមរួចឈប់ កាត់មុខទូក ក៏ឈ្មោះលី ម៉ាត់សារី បានរើសដុំថ្មក្បែរផ្លូវគប់ សំដៅទូកជនរងគ្រោះ ០១ដុំថ្ម ចំណែកឈ្មោះហ្វីសើគីនីន បានរើសដុំដី គប់សំដៅទូកជនរងគ្រោះ០២ដុំ បណ្តាលឲ្យត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូក របួសហូរឈាម ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នាំជនរងគ្រោះមកព្យាបាល នៅមណ្ឌលសុខភាពតាលន់ ចំណែកជនសង្ស័យ បានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់