ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៨ តុលា២០១៨ មានករណីអគ្គិភ័យ បានលេបត្របាក់គ្រឿងចក្រមួយគ្រឿងម៉ត់ ខណៈកំពុងតែធ្វើការឈួសឆាយពង្រាបផ្លូវលំមួយខ្សែនៅមាត់ប្រឡាយ ត្រង់ចំណុចទំនប់ស្ទាក់ទឹកទី១ ខាងលិចផ្លូវជាតិលេខ៦៨ ចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងកាល សំណាងល្អ មិនបង្កឲ្យនរណាម្នាក់រងរបួសទ្បើយ។
តាមប្រភពពីបុរសម្នាក់ ឈ្មោះ អ៊ុក គឹមសាន្ត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំកន្ទោត ស្រុកអង្គស្នួល បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានស៊ីឈ្នួលបើកបរគ្រឿងចក្រឲ្យចៅកែឈ្មោះភាវ ដែលមានទីលំនៅឯខេត្តបន្ទាយមានជ័យ ដោយស៊ីឈ្នួលឈួសពង្រាបដីមួយខ្សែ ឲ្យក្រុមហ៊ុនចិន ខណៈកំពុងតែធ្វើការឈួសពង្រាបដី ស្រាប់តែមានអណ្តាតភ្លើងឆាបចេញពីគ្រឿងចក្រតែម្តង។
ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ បានយករថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅបាញ់ពន្លត់ ដល់កន្លែងកើតហេតុ តែដោយវានៅឆ្ងាយបន្តិច ទើបមិនអាចជួយពន្លត់បានទាន់ពេល ទើបភ្លើងឆេះអស់នៅសល់តែគ្រោងប៉ុណ្ណោះ៕
មតិយោបល់