វែលៈ ក្រុមបាល់ទាត់ជម្រើសជាតិវែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះក្រុមបែលហ្សិកដោយលទ្ធផល ៣-១ កាលពីយប់មិញនេះ។ យ៉ាងណាមិញលទ្ធផលឡើងទៅវគ្គបន្ដនេះ នឹងធ្វើឱ្យក្រុមវែលអវត្តមានកីឡាករសំខាន់២នាក់ គឺRAMSEY និង DAVIES ដោយសារតែពួកគេមានកាតឡើង២ដងមកហើយ។
ការប្រកួតរវាងវែល និងបែលហ្សិក កាលពីយប់មិញនេះ ពិតជាជក់ចិត្តមែនទែន ដោយបើកការប្រកួតបានតែ ១៣នាទី ខ្សែបម្រើ Radja Nainggolan ស៊ុតនាំមុខឲ្យបែលហ្សិក បានមុន ១-០។ យ៉ាងណាមិញ ដោយនាទី ៣១ ប្រធានក្រុម Ashley Williamsរកបាន ១គ្រាប់តាមស្មើបានវិញ ធ្វើឲ្យចប់ការប្រកួតនៅតង់ទីមួយ វែល ១-១ បែលហ្សិក។
ចូលដល់តង់ទី២ បានតែ១០នាទីពោលគឺនាទី៥៥ Hal Robson-Kanu ស៊ុតនាំមុខឲ្យវែលបានវិញ មុនពេលខ្សែប្រយុទ្ធ Sam Vokes បន្ថែមគ្រាប់ទី៣នៅនាទី៨៦ ធ្វើឲ្យចប់ការប្រកួតវែលយកឈ្នះបែលហ្សិក ៣-១ ។
ដោយក្នុងការប្រកួតនេះ RAMSEY និង DAVIES ទទួលបានកាតលឿងម្នាក់មួយ ហើយប្រកួតមុនៗកីឡាករ២នាក់នេះ ធ្លាប់បានកាតលឿងដែរនោះ នេះមានន័យថាពួកគេនឹងអវត្តមានមិនអាចជួយក្រុមលេងជាមួយក្រុមព័រទុយហ្គាល់បាននោះទេ។
វែល នឹងប៉ះព័រទុយហ្គាល់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះហើយ៕
មតិយោបល់