ភ្នំពេញៈ បុរសម្នាក់ទើបតែចេញមកពីចូលរួមវិធីមង្គលការគេ ក្នុងស្ថានភាពស្រវឹង បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហើយក៏បានធ្លាក់បណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សពបុរសរងគ្រោះមានឈ្មោះ លៀម ទួន អាយុ៣៩ឆ្នាំ ជាអ្នកខ្វៃជ្រូកលក់ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-3713 ទើបតែជិះចេញមកពីចូលរួមពិធីមង្គលការគេនៅម្តុំទួលគោកហើយបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំរង្វង់មូលចោមចៅ។ ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដោយមិនប្រយ័ត្នក៏បានធ្លាក់ជង្ហុកដែលនៅចំកណ្តាលផ្លូវ បណ្តាលឲ្យម៉ូតូខាងលើដួលអូសប្រមាណ៣០ម៉ែត្ររងការខូចខាតបន្តិចបន្តួច។ ចំណែកឯបុរសរងគ្រោះដែលជាអ្នកបើកម៉ូតូបានដួលបោកទៅនឹងថ្នល់បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុក៏ឃើញមានសាច់ញាតិនិងប្រពន្ធរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ និងបានស្រែកយំសោកអោបសពប្តីយ៉ាងក្រៀមក្រំបំផុត។
សមត្ថកិច្ចជំនាញក៏បានធ្វើការប្រគល់សពបុរសរងគ្រោះទៅឲ្យក្រុមគ្រួសារដឹងយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែកម៉ូតូខាងលើត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ទៅឲ្យសាច់ញាតិសពនៅពេលក្រោយ៕
មតិយោបល់