ព័ត៌មានជាតិ

រថយន្តបែកកង់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង តៃកុងរងរបួសធ្ងន់

តាកែវ: នៅថ្ងៃ ចន្ទ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣និង១០នាទីរសៀល ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង)។

រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-8793 បើកបរដោយឈ្មោះ ចាន់ ឆីវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបររថយន្ត នៅភូមិអូរក្រសារ ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ រថយន្តនោះក៏បែកកង់ក្រោយខាងស្តាំ ហើយវេរចង្កូតក្រឡាប់ផ្ងារជើងតែម្តង អ្នកបើកបរបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្គតាសោម។

មូលហេតុ៖ បណ្តាលមកពីរថយន្តបែកកង់។

កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើរងការខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់