ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ គ្រឿងសមុទ្រ, គុយទាវសរសៃតូច, លត, បាញ់កាញ់, មីគ្រប់មុខ, ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ, សាច់ក្រក, ត្រីងៀតគ្រប់មុខ, បង្គាក្រៀម, ខ្ញីហាន់, ស្លឹកគ្រៃហាន់ តាមបណ្តារផ្សារចំនួន៨ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយគណៈកម្មការផ្សារ បន្តចុះប្រចាំការនៅផ្សារចំនួន ៨ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារច្បារអំពៅ ដើម្បីចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ក្នុងនោះមន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ គ្រឿងសមុទ្រ, គុយទាវសរសៃតូច, លត, បាញ់កាញ់, មីគ្រប់មុខ, ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ, សាច់ក្រក, ត្រីងៀតគ្រប់មុខ, បង្គាក្រៀម, ខ្ញីហាន់, ស្លឹកគ្រៃហាន់ ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់នៅតាមតូបមួយចំនួន ដើម្បីរកទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។

ជាលទ្ធផលមន្រ្តីជំនាញពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ និងទំនិញណាមួយខុសប្រក្រតីទេ។

មន្រ្តីបច្ចេកទេសបានពន្យល់ ណែនាំ ផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដល់អាជីករផងដែរ៕

មតិយោបល់