ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របើកកៀរបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កៀបជាប់ហើយរថយន្តកុងតឺន័រគេចបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8041 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងចេញពីច្រកសាលារៀនសុវណ្ណភូមិ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានឆ្លងផ្លូវជាតិលេខ៤ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក៏បានកៀរចំថ្ពាល់រថយន្តកូរ៉េខាងស្តាំហើយបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យកៀបជាប់រងការខូចខាតអស់មួយកង់។
សាក្សីដដែលបានបន្តថា ភ្លាមនោះរថយន្តកុងតឺន័របានបើកគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕







មតិយោបល់