ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាឲ្យស្រ្តីម្នាក់របួសបាក់ជើងឆ្វេង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្រ្តីម្នាក់បានរងរបួសធ្ងន់ បាក់ជើងឆ្វេង ខណៈដែលជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿង បើកបុក នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ស្រ្តីរងគ្រោះ ឈ្មោះ ស៊ុ ណាត អាយុ៥០ឆ្នាំ បម្រើការងារ នៅរោងចក្រ សាប្រ៊ីណា ស្នាក់នៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូ ចេញពីផ្ទះឆ្លងផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ក្នុងបំណងទៅធ្វើការងារ ខណៈកំពុងឆ្លងផ្លូវ ផុតទៅហើយ បត់ទៅលិច ស្រាប់តែមានម៉ូតូ សេ១២៥មួយគ្រឿង បើកល្បឿនលឿនពីកើតទៅលិច មកបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួស រីឯម៉ូតូបង្ក មិនដួល គ្មានរបួសទេ បានបើករត់គេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ក្រុមគ្រួសារយកទៅទុកនៅផ្ទះ ជួសជុលខ្លួនឯង ខណៈដែលភាគីខាងទៀត គេចទៅចោលបាត់៕

មតិយោបល់