ព័ត៌មានជាតិ

ឌីជេ មេគ្រឿងញៀនម្នាក់ តុលាការកាត់ទោសព្រឹកនេះ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ លោក សេង លៀង ប្រធា​នក្រុមប្រឹក្សាចៅ​ក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បាន​បើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ចាន់ វិចិត្រ ជាអតីត ឌីជេ នៅក្លឹបទ្រូប៉េស ពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។

ជនជាប់ចោទឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ DJ មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ ត្រូវបានលោក កុល បុន តំណាងអយ្យការចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកនេះជនជាប់ចោទឈ្មោះ ចាន់ វិចិត្រ បានសារភាពថា រូបគេពិតជា​បាន​លក់គ្រឿងញៀននៅក្នុងក្លឹបដែលគេធ្វើការមែន ដើម្បីឱ្យភ្ញៀវប្រើប្រាស់។ ជនជាប់ចោទបន្តថា រូបគេទិញគ្រឿងញៀនទាំងអស់នោះពីមិត្តភក្តិជា ឌីជេ ដូចគ្នាធ្វើការនៅក្នុងក្លឹបកាហ្សា ក្បែរវត្តភ្នំ។

គួររំលឹកថា ជនជាប់ចោទ និងសង្សារ (ត្រូវបានដោះលែងវិញ) ត្រូវបានកម្លាំងអាវុធហត្ថរាជ​ធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច Apartment លេខ៣៧Z ផ្លូវ២៦១Z ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១.រថយន្ត Lexus GS300 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-5515 ២.ម៉ូតូម៉ាក XR មួយគ្រឿង ៣.អាវុធខ្លីចំនួន២ដើម (ម៉ាកCZ និងម៉ាក SIR Saver និង៣៤គ្រាប់) ៤. ម្សៅពណ៌ស ក្រាមពណ៌ស ម្សៅពណ៌ក្រហម ម្សៅពណ៌ប្រផេះ ទឹកថ្នាំពណ៌ក្រហម គ្រាប់ថ្នាំពណ៌លឿង ថ្នាំពណ៌ឈាមជ្រូក ថ្នាំពណ៌ផ្កាឈូក ថ្នាំពណ៌ប្រផេះ ថ្នាំពណ៌ខៀវ ថ្នាំពណ៌លឿងខ្ចី ថ្នាំពណ៌បៃតងខ្ចី ថ្នាំពណ៌បៃតងចាស់ ថ្នាំពណ៌ក្រហម (សរុបថ្នាំគ្រាប់ទាំងអស់ចំនួន ៦២.៥គ្រាប់) រុក្ខជាតិញៀនក្រៀម និងសម្ភារសម្រាក់ជក់ ចូក កិន គ្រឿងញៀនជាច្រើនទៀត។

សំណុំរឿងនេះ នឹងត្រូវតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/OqrRCRkp9w8

មតិយោបល់