ភ្នំពេញៈ ជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេចហើយព្យាយាម
បើករត់គេចខ្លួន តែត្រូវជនរងគ្រោះដេញតាមពីក្រោយ ស្រែកថាចោរៗ ធ្វើឲ្យភិតភ័យធ្លាក់ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋវាយមួយដៃមួយជើង ស្ទើរស្លាប់ ទើបសមត្ថកិច្ចទៅដល់ ក៏យកមកធ្វើការសាកសួរ។
ករណីបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីម៉ោង០៩ និង៣០នាទី ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យខាងលើឈ្មោះ សុខ ថា ហៅហុង អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកបក្ខពួកម្នាក់ ទៀតគេចខ្លួនបាត់ មិនត្រូវបានស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះឈ្មោះ ឡុង ចិន្តា អាយុ ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្តកណ្តោល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ម៉ាកស្កូបពី ពណ៌ស ខណៈមកដល់ចំណុចកើតហេតុ បានដកទូរស័ព្ទដៃម៉ាកអាហ្វូនស៊ិចប្លើស ពណ៌ខ្មៅតេទៅរកឪពុក ពេលនិយាយចប់រៀបដាក់ចូលក្នុងហោ
ប៉ៅខោលវិញ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រឹមសង់ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចពេលនោះជនរងគ្រោះ បានដេញតាមពីក្រោយស្រែកថាចោរៗ ខណៈនោះជនសង្ស័យដែលអង្គុយផ្នែកខាងក្រោយ បានធ្លាក់ពីម៉ូតូ ត្រូវប្រជាពលរដ្ឋនៅក្បែនោះ ព័ទ្ធចាប់បានម្នាក់ វាយទ្បើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានត្រឹមតែដាក់ពាក្យបណ្តឹងប៉ុណ្ណោះ ចំណែក ជសង្ស័យដែលចាប់បានរងរបួសធ្ងន់ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកអន្លង់ក្ងាន បណ្តោះអាសន្នសិន មិនទាន់បានសាកសួរលម្អិតទេ៕
មតិយោបល់