ព័ត៌មានជាតិ

បុរសម្នាក់ យកសាំងដបចាក់ទៅលើប្រពន្ធនិងខ្លួន ប៉ុនប៉ងដុតសម្លាប់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ០៨និង ៤០នាទី មានករណីប៉ុនប៉ងឃាតកម្មនៅចំណុច ផ្ទះរបស់ឈ្មោះ វ៉ន ស្រីមុំ ស្ថិតក្នុងភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០២នាក់៖ ១. ឈ្មោះ រុំ សុខន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ (ត្រូវជាប្រពន្ធជនសង្ស័យ) ។ ២. ឈ្មោះ វ៉ន ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី រោងចក្រអ្នកទាំងពីរ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ហួន ហឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ (ឃាត់ខ្លួន)

វត្ថុតាងចាប់យក៖១. ដបទឹកបរិសុទ្ធចំនួន ០១ ធ្វើអំពីជ័រចំណុះ៥០០ ម.ល​ មានសាំងនៅក្នុងដបបន្តិច
២. ដែកកេះចំនួន០១ ពណ៌ក្រហម ។

កន្លងមកជនសង្ស័យតែងតែរករឿង និងប្រើហិង្សាទៅលើឈ្មោះ រុំ សុខន ត្រូវជាប្រពន្ធជាញឹកញ៉ាប់ ហើយនៅមុនពេលកើតហេតុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានរករឿងឈ្មោះ រុំ សុខន ជាប្រពន្ធម្ដងទៀត ហើយឈ្មោះ រុំ សុខន បានគេចទៅស្នាក់នៅជាមួយប្អូនរបស់ខ្លួន ដោយមិនបានចូលផ្ទះ ។

បន្ទាប់មកនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ៤០នាទី ខណ:ពេលដែលឈ្មោះ រុំ សុខន កំពុងធ្វើការនៅផ្ទះឈ្មោះ វ៉ន ស្រីមុំ ពេលនោះជនសង្ស័យឈ្មោះ ហួន ហឿន បានយកសាំង១ដប ចំណុះ ៥០០ម.ល និងដែកកេះ ១ដើម ទៅកន្លែងកើតហេតុ ហើយបានស្រែកគំរាមឈ្មោះ រុំ សុខន ជាប្រពន្ធឲ្យចេញមកក្រៅ ។ ពេលដែលប្រពន្ធរបស់ខ្លួនចេញមកជួបខ្លួន ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះ ហើយបានយកសាំងចាក់ទៅខ្លួនប្រពន្ធ និងខ្លួនឯង ក្នុងគោលបំណងដុតសម្លាប់ប្រពន្ធ និងខ្លួនឯង តែត្រូវបានម្ចាស់ផ្ទះ និងអ្នកធ្វើការនៅទីនោះចាប់ឃាត់ទាន់ ទើបមិនបណ្ដាលឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់