ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឧបត្ថម្ភរទេះរុញ ០២គ្រឿង ជូនជនពិការទីទ័លក្រ

តាកែវៈ តាមរយៈការផ្សព្វផ្សាយ និងអំពាវនាវរបស់បណ្តាញសារព័ត៌មាន Post newsប្រកាស រកជំនួយនូវរទេះរុញ០២គ្រឿងជូន ជនពិការ០២រូបដែលមានជីវភាពទីទាល់ក្រ និងត្រូវការរទេះរុញ ជាចាំបាច់ក្នុងការធ្វើ ដំណើរទៅមកជាប្រចាំថ្ងៃមកនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានជួយឧបត្ថមនូវ រទេះរុញថ្មី០២គ្រឿង។

នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមការងារព័ត៌មានមនុស្សធម៌យើងខ្ញុំ រួមទាំងលោក ខា សុគន្ធ មន្ត្រីសាលាខណ្ឌសែនសុខ បាននាំយករទេះរុញដែលជាអំណោយដ៍ថ្លៃថ្លារបស់លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទៅជូនជនពិការទាំង០២រូបដល់លំនៅដ្ឋានរបស់ពួក គាត់នៅឯខេត្តតាកែវ។

គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ២០១៦ ក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខ បាននាំយកអំណោយសប្បុរស ជនទៅចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា ពិការ០៤គ្រួសារភូមិ តាខុន ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងនោះមានជនពិការ ០២រូបផងដែរ ខណៈពេលដែលក្រុមការងារ កំពុងចែកអំណោយ បង និងពូពិការ០២នាក់បានលើកដៃសំពះអង្វរ និងរៀបរាប់ពីទុក្ខ លំបាករបស់ពួក គាត់ថា ខ្លួនពិការទៅហើយ ឯរទេះរុញក៏ពិការដូចម្ចាស់ទៀត ព្រោះវាមានសភាពចាស់ កង់គ្មានសំបក នៅសល់តែខ្នង ទទេ ធ្វើចលនាទៅមុខមិនរួច ដូច្នេះសូមមេត្តាជួយគាត់ផង។

ក្រុមការងារក៏មិនហ៊ានសន្យា គឺមានតែជួយផ្សព្វផ្សាយ និងអំពាវនាវរក សប្បុរសជន។ ជាសំណាងល្អ ក្រោយការផ្សព្វផ្សាយ រយៈ ពេល២សប្តាហ៍ក្រុមការងារ Post Newsក៏ទទួលបានដំណឹងល្អពី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានក្តីអាណិតអាសូរ ជួយឧបត្ថមនូវរទេះរុញថ្មីមានគុណភាពល្អចំនួន០២គ្រឿង៕

មតិយោបល់