ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តរតនគិរី ប្រារព្វពិធីទិវាបរិស្ថានពិភពលោក ៥ មិថុនា

រតនគិរីៈ នៅបរិវេណមន្ទីរបរិស្ថានខេត្តរតនគិរីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធពិធីអបអរសារទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត”។

ពិធីនេះក្រោមអធិបតីភាពលោកបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក មួង ប៉យ ប្រធានក្រុងប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរ មន្ត្រីបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

លោក ថង សាវុន អភិបាលនៃគណអភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត” គោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តន៍ ជាក់ស្តែងឲ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចិរភាព ដោយមិនត្រូវគិតតែផលប្រយោជន៍ចំពោះមុខរបស់បុគ្គលមួយក្រុម ឬប្រទេសជាតិណាមួយ ហើយបំភ្លេចចោលនូវផលវិបាក ដែលមនុស្សកំពុងប្រឈមនៅពេលបច្ចុប្បន្ន និងនៅពេលអនាគតនោះឡើយ។

លោកបន្តថា ការទទួលរងគ្រោះជាញឹកញាប់ ជាពិសេស គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផលដំណាំ ផ្ទះសម្បែង ហេដ្ឋារចនសម្ព័ន្ធ ហើយក៏បានសម្លាប់ប្រជាពលរដ្ឋ និងសត្វមួយចំនួនផងដែរ ជាពិសេសភាពរាំងស្ងួតគ្មានទឹកប្រើប្រាស់នាពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តក៏បានចុះប្រតិបត្តិការជួយប្រជាពលរដ្ឋភ្លាមៗដូចជា យុទ្ធនាការចែកចាយទឹក ផ្តល់ស្បៀង ថ្នាំសង្កូវ ហើយក៏យកចិត្តទុកដាក់ក្នុងការបង្ការផងដែរ។

ដោយសារការកើតឡើងគ្រោះធម្មជាតិដូច្នេះ អាជ្ញាធរខេត្តបានជំរុញឲ្យមន្ទីរអង្គភាពជំនាញស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អង្គការអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរួមគ្នាដាំដើមឈើក្នុង១នាក់ឲ្យបានមួយដើម ជាពិសេសគ្រប់គ្រងនៅកាកសំណល់រឹង និងរាវជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចិរភាពបរិស្ថាន និងសង្គមបំផុសការចូលរួមប្រលងប្រណាំងទីក្រុងស្អាតរៀបចំឲ្យមានប្រព័ន្ធប្រមូលសំរាម និងទីលានចាក់សំរាម។

លោកមបណ្ឌិត សាបូ អូហ្សាណូ បានមានប្រសាសន៍ថា ចំណុចសំខាន់នៃបរិស្ថានត្រូវតែបែងចែកនូវកាក់សំណល់រឹង និងរាវឲ្យដាច់ពីគ្នា ដើម្បីអនាម័យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយលោកក៏បានលើកឡើងថា មន្ទីរបរិស្ថាន ត្រូវតែបង្កើតនៅទីលានចាក់សំរាមថ្មីគ្រប់បណ្តាលស្រុកមួយចំនួនរៀបចំទិវាអនាម័យក្រុងរម្មណីយដ្ឋានទេសចរណ៍អភិរក្សធនធានជីវចម្រុះតាមតំបន់ការពារធម្មជាតិឧទ្យានវរៈជ័យ ដែនជម្រកសត្វព្រៃលំផាត់ ព្រៃការពារ និងសហគមន៍ព្រៃឈើពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើការកាប់ព្រៃរានយកដីជាកម្មសិទ្ធជាដើម។

លោកបានបន្តថា ក្នុងនាមក្រសួងបរិស្ថាននិងក្នុងនាមមន្ទីរបរិស្ថានមន្ត្រីក្រោមឱវាទត្រូវតែយកចិត្តទុកដាក់លើបញ្ហាសំរាមត្រូវចេះរួមគ្នាដាំដើមឈើ និងការពារព្រៃឈើ ដែលនៅសេសសល់ សត្វព្រៃដែលកំពុងរស់នៅក្នុងព្រៃត្រូវតែអភិរក្ស និងការពារឲ្យបានគង់វង្ស ដើម្បីទុកជាសម្បត្តិធម្មជាតិ។

ក្នុងកម្មវិធីនោះផងដែរគណប្រតិភូបានចែកធុងសំរាមដល់ស្ថាប័នពាក់ព័ន្ធ អង្គការនានា និងក្រុមហ៊ុនមួយចំនួន ហើយក៏ដាំដើមឈើជានិមិត្តរូប គណៈប្រតិភូក៏បានបន្តដំណើរយុទ្ធនាការរើសសំរាមសម្អាតបរិស្ថាននៅក្នុងក្រុងបានលុងយ៉ាងសប្បាយរីករាយផងដែរ៕

មតិយោបល់