ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកហ្គាស បើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៧៤ កែងផ្លូវ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកូរ៉េធុនតូចមួយគ្រឿង ដឹកធុងហ្គាសធំៗ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-8375 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ទៅបុកម៉ូតូមួយគ្រឿង ម៉ាក MSX ពាក់ស្លាកលេខភ្នំពេញ 1FA-4096 ឌុបគ្នាពីរនាក់ ធ្វើដំណើរពីកើតទៅលិច ចំពាក់កណ្តាលម៉ូតូពេញទំហឹងតែម្ដង បណ្តាលឲ្យប៉ើងអ្នកទាំងពីរ បោកផ្ទប់និងកញ្ចក់រថយន្ដ រងបួសសន្លប់ស្តូកស្តឹង រីឯម្នាក់ទៀត រលាត់ដៃជើងចេញឈាម (របួសស្រាល)។
អ្នកបើកបររថយន្តបង្កឈ្មោះ ប៊ុន ឈឿន ភេទប្រុស ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះគ្លីនិកឯកជន ហុង ហាក់ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។
ចំណែកម៉ូតូ រួមទាំងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់