ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កម្រិតផាកពិន័យ កើនឡើងពី៣ ទៅ៥ដង

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅព្រឹកព្រលឹមនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យ កើនឡើងពី៣ ទៅ៥ដងក្នុងករ ណីរកឃើញការល្មើសនឹងច្បាប់ ។

លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដែលបានចុះពិនិត្យកិច្ចប្រតិ បត្ដិការអនុវត្ដន៍ផ្ទាល់ នៅគោលដៅចំណុចផ្លូវជាតិលេខ៤ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង មានប្រសាសន៍ប្រាប់ បណ្ដាញសារព័ត៌មាន ក្នុងស្រុកឲ្យដឹងថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមាន កំណើនយ៉ាងគំហុកកាលពីបណ្ដាឆ្នាំកន្លងទៅដែលបណ្ដាលឲ្យមានអ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើង សង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថៃ្ងទៅហើយនោះ។

យោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ និងការដឹកនាំអនុវត្ដន៍ផ្ទាល់ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប ញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។ អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។

ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យវិញ សូមបងប្អូនប្រជាពលរដ្ឋយល់ថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភា ពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តន៍ច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ។ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងរយៈពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

កត់សម្គាល់៖ អ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាម៖
*ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
*ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់៕

មតិយោបល់