ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាក់ពីលើឡើងត្នោត បណ្ដាលឲ្យរបួសធ្ងន់ បាក់ភ្លៅម្ខាង

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១៩នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅវាលស្រែ ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីបុរសម្នាក់ ឡើងដើមត្នោតបានពាក់កណ្ដាល ស្រាប់តែបាក់បង្អោង ក៏ធ្លាក់ចុះមកក្រោម រងរបួសធ្ងន់បាក់ភ្លៅម្ខាង។

ជនរងគ្រោះឈ្មោះ សាន សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកឡើងត្នោត ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបាគ្រង ឃុំគោគល្វាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា អំទ្បុងពេលកើតហេតុ ស្រាប់តែពួកគាត់បានឮសំឡេងស្រែកឱ្យជួយ។ បន្ទាប់មកក៏បាននាំគ្នាទៅមើល ឃើញជនរងគ្រោះ រងរបួសបាក់ភ្លៅ
ផ្នែកខាងឆ្វេងម្ខាង។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេហៅរថយន្តដឹកយកទៅសង្គ្រោះផងដែរ។

មូលហេតុ៖ ជនរងគ្រោះ បានទ្បើងដើមត្នោត កម្ពស់ប្រមាណ១០ម៉ែត្រ នៅពេលយប់ ដើម្បីយកទឹកត្នោតផ្អែម ទុកលក់ ខណៈពេលឡើងបានជាងពាក់កណ្តាល ដើមក៏ស្រាប់តែបង្អោងប្ញស្សី បានបាក់ធ្វើឲ្យជនរងគ្រោះ ធ្លាក់មកតែម្ដង៕

មតិយោបល់