ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ត្រូវជនសង្ស័យបោកយករថយន្តទៅលក់ ព្រោះតែរឿងទុកចិត្តគ្នាពេក

កណ្ដាលៈ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដែលកើតហេតុថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៣០នាទីរសៀល ត្រង់ចំណុចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឌិន តេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកជនសង្ស័យ
ឈ្មោះ ឈុំ សំណាង ហៅរ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងប៉ិច ឃុំពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់រួមមាន៖
-រថយន្ត០១គ្រឿង ម៉ាកCRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ 2K-9207 ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះឌិន តេក បានជិះរថយន្តរបស់ខ្លួន ម៉ាកកាមេរី បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Q-6186 ស៊េរីឆ្នាំ២០០២ ជាមួយឈ្មោះឈុំ សំណាង ហៅរ៉ន (ជនសង្ស័យ) ដើម្បីទៅដូររថយន្តដែលខ្លួនជិះ ជាមួយរថយន្តម៉ាកCRVខាងលើ ជារបស់ឈ្មោះង៉ុយ តុល ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយពេលនោះ ឈ្មោះឌិន តេក ឲ្យឈ្មោះង៉ុយ តុល ថែមប្រាក់ឲ្យខ្លួនចំនួន៣០០០$(បីពាន់ដុល្លារ) និងបានធ្វើលិខិតលក់រថយន្តជាមួយគ្នា ចំណែកកាតគ្រីរថយន្តម៉ាក CRV មិនទាន់ប្រគល់ឲ្យឈ្មោះឌិន តេក នោះទេ ។

លុះដល់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣ជាង ជនរងគ្រោះឈ្មោះឌិន តេក បានតេទូរស័ព្ទហៅជនសង្ស័យ មកស៊ីផឹកនៅចំណុចកើតហេតុខាងលើ នៅពេលនោះជនសង្ស័យ បានជិះម៉ូតូឌុបមកជាមួយសង្សាររបស់ខ្លួន ឈ្មោះ ស្រៀង សុម៉ាលីន រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ពេលមកដល់ បានផឹកស៊ីជុំគ្នា ដោយមានការទុកចិត្ត ជនរងគ្រោះបានប្រើជនសង្ស័យ បើករថយន្តរបស់ខ្លួនម៉ាកCRV ព្រមទាំងដឹកសង្សារ ទៅយកកាតគ្រីនៅផ្ទះឈ្មោះង៉ុយ តុល បន្ទាប់មកជនសង្ស័យ បានបើករថយន្តជិះចេញទៅបាត់ទៅ ដោយរង់ចាំយូរមិនឃើញត្រឡប់មកវិញ ជនរងគ្រោះបានតេទូរស័ព្ទសួរ ទំនាក់ទំនងជនសង្ស័យ ដោយជនសង្ស័យនិយាយថា៖ ជិតត្រឡប់មកវិញឥឡូវហើយ រង់ចាំយូរទៅៗ ជនរងគ្រោះបានតេទូរស័ព្ទ ទៅជនសង្ស័យទៀត ប៉ុន្តែតេមិនចូល ក្នុងពេលនោះជនរងគ្រោះ បានតាមរកជនសង្ស័យ រហូតដល់ផ្ទះតែពុំឃើញឡើយ ។

រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក អំពីហេតុការណ៍ខាងលើ។ ដោយនៅអំទ្បុងខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះ បានតេទូរស័ព្ទទៅជនសង្ស័យម្ដងទៀត ហើយបាននិយាយទំនាក់ទំនងសួរពីរឿងរថយន្តខាងលើ ដោយជនសង្ស័យ បានប្រាប់ថា រថយន្តម៉ាកCRVនោះ ខ្លួនបានលក់ទៅឲ្យគេឈ្មោះតឿ ជាជាងជួសជុលរថយន្ត នៅទីរួមខេត្តក្រចេះ បាត់ហើយ និងបានប្រាប់លេខទូរស័ព្ទ០៧១៩៤៤៤៤១៦ លេខរបស់ឈ្មោះ តឿ នោះទៀតផង ។
បន្ទាប់មកជនរងគ្រោះ បានទំនាក់ទំនងតាមលេខខាងលើ និងបានជួបជាមួយម្ចាស់លេខ នៅខេត្តក្រចេះ ប៉ុន្តែមិនបានប្រទះឃើញរថយន្តរបស់ខ្លួនទេ ។

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះ បានពឹងពាក់មិត្តភក្តិរបស់ខ្លួនឈ្មោះប៊ុន លី ភេទប្រុស មានទីលំនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឲ្យជួយតេទូរស័ព្ទទំនាក់ទំនងណាត់ជនសង្ស័យ ទៅហូបអីតាមផ្លូវ គោលបំណង ដើម្បីចាំចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច។ រួចជនសង្ស័យបានប្រាប់ឲ្យឈ្មោះប៊ុន លី ទៅជួបនៅផ្សារព្រែកព្នៅ ក្រុងភ្នំពេញ បន្ទាប់មកឈ្មោះ ប៊ុន លី បានទៅជួបនិងបានឌុបជនសង្ស័យខាងលើ ទៅដល់ភូមិគ្រួស ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ ពេលនោះឈ្មោះប៊ុន លី បានតេទូរស័ព្ទប្រាប់ជនរងគ្រោះវិញថា ជនសង្ស័យឈ្មោះឈុំ សំណាង ហៅរ៉ន បានឡើងតាក់ស៊ីទៅបាត់ហើយ តាមផ្លូវជាតិលេខ៥ ឮដូច្នេះជនរងគ្រោះ បានឲ្យឈ្មោះប៊ុន លី តេទូរស័ព្ទទំនាក់ទំនងសួរជនសង្ស័យថា ដល់ណាហើយ ? ជនសង្ស័យប្រាប់ថាដល់ស្ពានហើយ ដោយមិនប្រាប់ថាស្ពានណាទេ បន្ទាប់មកជនរងគ្រោះ និងមិត្តភ័ក្តរបស់ខ្លួន តាមមករហូតដល់ចំណុច តាមបណ្តោយផ្លូវជាតិលេខ៥១ ក៏បានឃើញជនសង្ស័យ រួចបានចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកឧដុង្គ បន្ទាប់មកកម្លាំងនគរបាលស្រុកឧដុង្គ និងរងគ្រោះបាននាំខ្លួនជនសង្ស័យ ប្រគល់មកឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយករថយន្តនោះទៅលក់ឲ្យឈ្មោះ តឿ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មុខរបរជាងជួសជុលរថយន្ត នៅម្ដុំទីរួមខេត្តក្រចេះ លក់តម្លៃ៤២០០$ (បួនពាន់ពីររយដុល្លារ) ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់