ព័ត៌មានជាតិ

គុំរឿងទំនាស់ពាក្យសម្ដី យុវជនម្នាក់ យកដាវចាក់យុវជនម្នាក់ទៀត របួសធ្ងន់ រហូតដល់ស្លាប់បាត់បង់ជីវិត

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចទល់មុខវិទ្យាល័យអន្លង់វែង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ សេង បូរី ហៅ រ៉ី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសិប្បកម្មទឹកកកអន្លង់វែង របស់ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្នស្នាក់នៅ និងធ្វើការក្នុងរោងសិប្បកម្មទឹកកក ស្ថិតក្នុងភូមិឃុំកើតហេតុ បានយកដាវប្រវែង ៦៩ សង់ទីម៉ែត្រ ដែលមានមុខកាត់ ៤.៥ សង់ទីម៉ែត្រ ចុងស្រួចទៅចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាងសិប្បកម្មឈើ រស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈប់ម៉ូតូនៅមុខវិទ្យាលយ័អន្លង់វែង ទុលមុខគ្នានិងរោងសិប្បកម្មទឹកកអន្លង់វែង ត្រូវខ្នងខាងស្ដាំ ចំនួនមួយកាំបិត បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង បានត្រឹមតែរយៈពេល១០នាទីប៉ុណ្ណោះ ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សេង បូរី ថា ខ្លួន និងជនរងគ្រោះធ្លាប់មានទំនាស់គ្នាពីមុនមក លុះឃើញជនរងគ្រោះ ឈប់ម៉ូតូមុខរោងសិប្បកម្មទឹកកក ខ្លួនយកដាវរត់ទៅចាក់តែម្ដង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ក្រោយកើតហេតុភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ រួចយកជនរងគ្រោះទៅពេទ្យ និងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកចំនួន៤នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងវត្ថុតាងដាវចំនួន១ដើម ដែលមានប្រឡាក់ឈាមនៅចុងដាវ មកកាន់ប៉ុស្តិ៍នគរបាលផងដែរ៕

មតិយោបល់