ព័ត៌មានជាតិ

រថយន្តកូរ៉េបើកកៀរម៉ូតូស្កុបពី រងរបួសធ្ងន់បុរសម្នាក់ បោកក្បាលវង្វេងបាត់ស្មារតី!

ភ្នំពេញ: បុរសម្នាក់រងរបួសដៃជើង និងបោកក្បាលវង្វេងបាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តកូរ៉េបើកកៀរ ដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងជនរងគ្រោះឈ្មោះ ឃុត ខេមរិន្ទ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល រងរបួសដៃជើង បែកមុខ ក្បាលវង្វេងបាត់ស្មារតី ។

ប្រភពបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AA-9607 ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ វ៉ារថយន្តខាងមុខ ស្រាប់តែ មានរថយន្ត កូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ឃ្លប់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4136 ដឹកក្រណាត់រោងចក្រ បើកពីត្បូងទៅជើងច្រាសទិសគ្នា មកដល់ល្មម ជ្រុលកៀរម៉ូតូដួលចូលរថយន្ត កិនបែកខ្ទេច ម៉ូតូ មួយកំណាត់មុខ អ្នកបើកបរដួលបោករងរបួសធ្ងន់ វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ចំណែក មូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ​៕

មតិយោបល់