ភ្នំពេញៈ ជនជាតិចិនប្រុសស្រីពីរនាក់ បានបើករថយន្តមួយគ្រឿង ឆ្លងផ្លូវក៏ត្រូវម៉ូតូ SL ជិះដោយបុរសម្នាក់ បុកបណ្ដាលរងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសស្រីពីរនាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AD-9554 ធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងលឿនពេក ស្របពេលនោះក៏មានម៉ូតូម៉ាកSL ពណ៌សមួយគ្រឿង មិនមានស្លាកលេខ ធ្វើដំណើរក្នុងបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលភាគីម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជន ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់