បាត់ដំបងៈ រថយន្តបែនដឹកដី ប្រល័យជីវិតក្មេងស្រីម្នាក់ដែលទើបតែមានអាយុ៥ឆ្នាំ ដោយបើកកិនធ្លាយពោះស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ខណៈដែលក្មេងស្រីរូបនេះ កំពុងឈរជាមួយនឹងក្មេងស្រីដទៃទៀតចំនួន៣នាក់ បំរុងឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តបែនមួយគ្រឿងនេះបើកមកកៀ ហើយកិនតែម្តង។
ហេតុការណ៍នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ស្ថិតក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលបង្កឡើងដោយរថយន្តបែនធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-2429។
យោងតាមប្រភពព័ត៌មានដែលនៅក្បែទីតាំងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺគេសង្គេតឃើញមានក្មេងៗស្រីមួយក្រុមដែលមានគ្នាប្រមាណ៤នាក់ក្នុងនោះក៏មានក្មេងស្រីរងគ្រោះនៅទីនោះដែរ ក្នុងគោលបំនងឆ្លងទៅម្ខាងថ្នល់ ដែលក្នុងនោះ គឺក្មេងស្រីរងគ្រោះបាមឈរនៅមុខគេ ដែលនៅកៀកនឹងទ្រូងថ្នល់។ នៅពេលនោះដែរ ក៏មានរថយន្តបែនមួយគ្រឿង បានបើកបរកៀកនឹងចិញ្ចើមថ្នល់ហើយបានបើកមកកៀទៅលើក្មេងស្រី ព្រមទាំងបានកិនទៅលើកុមារីនោះតែម្តងដែលបណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅគួរឲ្យរន្ធត់ ដោយនៅពេលនោះដែរ ទាំងសាច់ញាតិ និងជីដូនបានចេញមកស្រែកទ្រហ៊ោយំគួរឲ្យសង្វេកក្រៃលែង។
ភ្លាមៗនោះ អ្នកបើកបររថយន្តដែលគេស្គាល់ថា មានឈ្មោះ ផាត ភាព ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន បានបើករថយន្តបង្កយកទៅលាក់ទុកក្នុងផ្ទះ ហើយរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពកុមារីរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយដែរ៕





https://www.youtube.com/watch?v=G-jdG_bdTI8&feature=youtu.be
https://www.youtube.com/watch?v=OiZFqnZZF1Y&feature=youtu.be
មតិយោបល់