ភ្នំពេញៈ រថយន្តដឹកបេតុងមួយគ្រឿង បានបើកបរ ស្របពេលមានភ្លៀងធ្លាក់ទឹកលិចផ្លូវ ស្រាប់តែរអិលផុងដីមាត់ប្រឡាយ បណ្ដាលឲ្យក្រឡាប់ផីង បះជើងច្រូង ខណៈអ្នកបើកបរលូនចេញពីរថយន្ត ដោយសុវត្តិភាព មិនមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
រថយន្តរងគ្រោះ ម៉ាក ហ៊ីណូ ពណ៌សលាយស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-1721 ជារថយន្តដឹកបេតុង រងការខូចខាតបាក់បែកកញ្ចក់ ។
តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកបរពីកើតទៅលិច ដោយដឹកបេតុងទៅចាក់នៅការដ្ឋាន ចំពេលមេឃកំពុងធ្លាក់ភ្លៀង ទឹកជន់លិចចិញ្ចើមផ្លូវ មកដល់ចំណុចខាងលើ រថយន្តបានបត់ស្តាំចូលការដ្ឋាន ដោយសរសៀរចិញ្ចើមផ្លូវ ទាំងទឹកលិច បណ្ដាលឲ្យផុងដីជ្រេល ក្រឡាប់តែម្តង សំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្តិភាព រងខូចខាតតែរថយន្ត ហើយក៏មិនប៉ះពាល់ដល់អ្នកដទៃដែរ ។
ក្រោយកើតហេតុ រថយន្តរងគ្រោះខាងលើ ត្រូវបានម្ចាស់ក្រុមហ៊ុន ស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់