ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំ ដឹកទំនិញមួយគ្រឿង បានបុករះបន្តគ្នា ជាមួយរថយន្តធុនតូច៣គ្រឿង និងរថយន្តធុនធំ ដឹកខ្សាច់មួយគ្រឿង នៅក្បែរក្រោមស្ពាន អាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកទំនិញមកពីប្រទេសវៀតណាម(រថយន្តបង្ក) បើកឆ្លងស្ពានព្រះមុនីវង្ស ពីកើតទៅលិច ហើយបានដាច់ហ្វ្រាំង រអិលរថយន្តចុះស្ពាន ក្នុងល្បឿនយ៉ាងលឿន ក៏មកបុករះពីក្រោយរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-2830 និងរថយន្តកាមរី បាឡែន និងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ មិនទាន់ពាក់ស្លាកលេខរបស់កម្ពុជា (គឺនៅពាក់ស្លាកលេខ 5 TRN California) រួមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកគ្រឿងសង្ហារឹម(ដឹកគ្រែលក់) បណ្ដាលឲ្យក្រឡាប់ រងការខូចខាតយ៉ាងដំណំនិងរងរបួសមនុស្ស២នាក់តែម្តង។
ជនរងគ្រោះមានឈ្មោះ ស៊ឹម សេន អាយុ២៧ឆ្នាំ (របួសបាក់ជើងឆ្វេង) និងឈ្មោះ ម៉ាប់ ម៉ុក អាយុ១៧ឆ្នាំ (រងរបួសភ្នែកខាងឆ្វេង)ជាអ្នកបើកបររថយន្តបង្ក។
ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន បាយ័ន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងជួយធ្វើសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះផងដែរ។ ចំពោះករណីនេះ សមត្ថកិច្ចបាននាំយករថយន្ត៤គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់