ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តយោធាជាច្រើនគ្រឿង កំពុងបើកបរជាក្បួន ស្រាប់តែដាច់ម៉ែត្រចង្កូត រេទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ប៉ើងខ្ទាតមួយកង់ បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខមួយចំហៀងនៃរថយន្ត និងបែកកង់ទៅមុខលែងរួច តែសំណាងល្អ មិនបង្កឲ្យប៉ះពាល់ដល់មនុស្សឡើយ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបមុខព្រលាន ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តជួបបញ្ហាខាងលើ ម៉ាក កុងហ្វុង ពណ៌ ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-5495 អ្នកបើកបរ មិនស្គាល់ឈ្មោះ ។
តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ក្បួនរថយន្តមួយខ្សែ បើកពីកើតទៅលិចជាច្រើនគ្រឿង លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកថ្មក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យប៉ើងមួយកង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច។
បើតាមបុរសម្នាក់ បានឲ្យដឹងថា រថយន្តក្បួនខាងលើជារថយន្ត បង្រៀនសិក្ខាកាម ទៅហ្វឹកហ្វាត់នៅខាងខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុ ករណីខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ និងរង់ចាំខាងការិយាល័យចរាចរណ៍ជើងគោក យករថយន្តខាងលើទៅរក្សាទុក ដើម្បីដោះស្រាយ ជាមួយអង្គភាពខាងរថយន្តខាងលើ ៕
មតិយោបល់