ភ្នំពេញៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅធ្វើត្រាប់ និងរុករកវត្ថុតាងនៅកន្លែងកើតហេតុ កាលពីវេលារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨បន្ទាប់ពី ធ្វើសកម្មភាពលួចតភ្លើង ឆក់ត្រីនៅក្នុងស្រះមួយកន្លែងហើយ ទុកចោលបណ្តាលអោយឆក់ក្មេងអាយុ១១ឆ្នាំ ស្លាប់ម្នាក់
ហេតុការណ៍ឆក់ស្លាប់នេះបានកើតឡើងតាំងពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងដីឡូត៍មួយកន្លែង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ នុត សុផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជាជាងផ្សារដែក មានលំនៅ ផ្ទះលេខ២៤៧ ផ្លូវលេខ ផ្លូវលេខ ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែ ទី២ខណ្ឌឬស្សីកែវ។ ចំណែកក្មេងរងគ្រោះ ឈ្មោះ ថា ស៊ីថុង អាយុ១១ឆ្នាំមាន ឪពុកឈ្មោះឥត ស៊ីថា ជាកម្មករសំណង់និងចាំដីឲ្យគេ និងម្តាយឈ្មោះ គិន ភន ជាកម្មការិនីរោងចក្រស្នាក់នៅក្បែរកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា មានការភ្ញាក់ផ្អើល ដោយសារតែក្មេងប្រុសរងគ្រោះបានរត់លេង ក្នុងដីឡូតិ៍ ក្បែរភូមិជាន់ខ្សែភ្លើង ដែលគេទុកចោលឆក់ ។ ភ្លាមៗ ប្រជាពលរដ្ឋក៏បាននាំគ្នា ជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ តែបានស្លាប់បាត់បង់ជីវិតហើយ ឪពុកម្តាយពុំបានដាក់ពាក្យបណ្តឹងនោះទេ ។ លុះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក៏បានប្រទះឃើញ ជនសង្ស័យ ដែលធ្លាប់លួចតភ្លើងកំពុងតែអង្គុយមើលគេស្ទួចត្រី ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង ។ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ព្រឹករូបគេបានលួច ភ្លើង ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឆក់ត្រី ។ ពេលឆក់បានត្រី ក៏បានទុកចោល មិនដឹងថាឆក់ក្មេងនោះទេ នៅពេលធ្វើដំណើរ មកលេងនៅក្បែរនោះក៏ត្រូវបានគេឃាត់ខ្លួន។
ជនសង្ស័យ បានសារភាពឲ្យដឹងទៀតថា កន្លងមកខ្លួន ធ្លាប់លួចតភ្លើង ឆក់ត្រីចំនួន ២លើកមកហើយ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលនាំទៅធ្វើត្រាប់និងរុករកវត្ថុតាង នៅកន្លែងកើតហេតុរកឃើញមានខ្សែភ្លើង និងដងសម្រាប់ឆក់ ត្រីជាវត្ថុតាង ៕
មតិយោបល់