ព័ត៌មានជាតិ

ទៅរកបងប្អូន បែរក្លាយជាជនជាប់ចោទ របស់ពលរដ្ឋ!

ភ្នំពេញៈ បុរសម្នាក់ខណៈដែលទៅស្វែងរកបងប្អូន ដល់បន្ទប់ជួល បែរជាត្រូវបានពលរដ្ឋ ម្ចាស់ផ្ទះសង្ស័យ និងចោទប្រកាន់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិទៅវិញ ឃាត់ខ្លួនឲ្យប៉ូលិសនាំទៅសាកសួរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅម្តុំផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនដែលពលរដ្ឋចោទប្រកាន់ មានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុជាង៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិវាលចាស់ ឃុំសាគ្រាម ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ។

តាមប្រជាពលរដ្ឋ ម្ចាស់ផ្ទះជួល បានឲ្យដឹងថា ផ្ទះជួលខាងលើ កើតមានករណីលួច បាត់បង់របស់ទ្រព្យជាញឹកញាប់ ហើយមុនកើតហេតុ ឃើញបុរសខាងលើដើររេរា តាមបន្ទប់ជួល ឃាត់សួរទៅម្តងឆ្លើយបែបនេះ ម្តងឆ្លើយបែបនោះ ទើបសង្ស័យ ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស ។

តែបើតាមបុរសខាងលើវិញ ពេលមកដល់ប៉ុស្តិ៍ប៉ូលិស បានឲ្យដឹងថា ខ្លួនទៅរកក្មួយនៅផ្ទះជួលខាងលើ កន្លងមកធ្លាប់មកម្តងពេលយប់ដែរ តែមិនចំណាំ លុះដើរស្វែងរកមើលតាមបន្ទប់ មិនទាន់ឃើញផង ត្រូវបានពលរដ្ឋម្ចាស់ផ្ទះជួល សង្ស័យថាខ្លួនជាចោរប៉ុនប៉ងលួចទៅវិញ ដោយពលរដ្ឋគ្នាច្រើន គំរាមរកវាយ សម្លុតខ្លួនជាចោរ ក៏ចាក់បណ្តោយតាមសិន ដើម្បីឲ្យប៉ូលិសជួយអន្តរាគមន៍ ជៀសវាងពលរដ្ឋ វាយដំច្រំធាក់ ។

តែបើតាមការបញ្ជាក់របស់ពលរដ្ឋ អ្នកចាប់បុរសខាងលើ ប្រគល់ឲ្យប៉ូលិសវិញ បានឲ្យដឹងថា ថ្វីត្បិត មិនបានឃើញសកម្មភាពបុរសរូបនេះ គាស់សោ ឬចូលបន្ទប់ លួចទ្រព្យសម្បត្តិពិតមែន តែពេលដែលសួរទៅ ឆ្លើយដូចជាមិនប្រក្រតី ទើបឃាត់ដើម្បីឲ្យប៉ូលិសសាកសួរ ។

បុរសដែលពលរដ្ឋចោទប្រកាន់ ត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ពុំមានភស្តុតាងណាមួយស្តែងឲ្យឃើញថាបុរសរូបនេះ លួចទ្រព្យសម្បត្តិនៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងសាកសួរ ក្នុងករណីដែលរកឃើញថា ដូចដែលពលរដ្ឋសង្ស័យ និងចោទប្រកាន់ប៉ុនប៉ងលួចនោះមែន សមត្ថកិច្ចឃាត់ខ្លួនអនុវត្តន៍តាមនីតិវិធីហើយ ៕

មតិយោបល់