ព្រះសីហនុៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបុរី គឹង សុខា ស្ថិតនៅក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរកម្ម ( លួចកាច់បំបែកសោ.កម៉ូតូ) បង្កឡើងដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាច់បំបែកសោ.កម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់។
បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ខែឆ្នាំដដែល ទើបដឹងថា មានបក្ខពួកជនសង្ស័យបានទៅលាក់ខ្លួន(នៅស្រុកព្រៃនប់ ហើយក៏បន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត។
ជនរងគ្រោះឈ្មោះ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ។
ជនសង្ស័យចំនួន៣នាក់៖ ទី១មានឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់)។ និងទី២ឈ្មោះ ហោ កុសល់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ហសចារី ) ។ និងទី៣ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ (ផលនៃអំពើលួច) ,ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ(ផលនៃអំពើលួច),ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ(ផលនៃអំពើលួច),ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ “ឈុសចោល” (ផលនៃអំពើលួច) ,សោច្នៃ សម្រាប់កាច់កម៉ូតូ២ និងសោលេខ៨ចំនួន ១,កូនកាំប៉ិតចុច១ពណ៌ផ្កាឈូក,ទូរស័ព្ទ៤គ្រឿង ( អិនចុចពិល ០២គ្រឿង , Vfone ០១គ្រឿង , HUAWEI ០១គ្រឿង)។
ករណីនេះ ត្រូវបានកម្លាំងជនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់