ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈដោយមានការសម្របសម្រួលពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូចំនួន ០៣ទីតាំង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទុស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូទាំង៣ ផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថាស្ថានីយ/ដេប៉ូ៖
-១.ទីតាំង មានអនុលោមភាពផ្នែកបរិមាណ ប៉ុន្តែមិនមានអនុលោមភាពផ្នែកគុណភាព។
-១.ទីតាំងទៀត (ស្ថានីយ សូគីម៉ិច ង៉ែត សារីម) បានកែតម្រូវអោយមានអនុលោមភាពទាំងផ្នែកគុណភាព និងផ្នែកបរិមាណ។
-១.ទីតាំង (ដេប៉ូតេលាអ័រគីដេ ៩៩៩៩) នៅតែមិនមានអនុលោមភាពផ្នែកបរិមាណដដែល ហើយបានកសាងឯកសារបញ្ជូនទៅតុលាការ។
ចំពោះតម្លៃលក់រាយស្ថានីយ/ដេប៉ូទាំង ៣ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។
បញ្ជាក់៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត ៖ ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឲ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។
ទន្ទឹមនេះនឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់