ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទ រហូតស្លាប់ ហើយយកសពទៅបោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួននិង ធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអធិការដ្ឋានខណ្ឌសែនសុខ។
ជនសង្ស័យដែលបង្ហាញមុខត្រូវបាននគរបាលឲ្យដឹងថា ទី១-ឈ្មោះ ង្វៀង យ៉ាំងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២- ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវសហការជាមួយនគរបាលជំនាញ និងអធិការដ្ឋានខណ្ឌទួលគោកឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យ ដោយពាក់ព័ន្ធករណីឃាតកម្ម (ប្រើអំពើហិង្សាលើជនរងគ្រោះបណ្តាឲ្យស្លាប់) កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចក្នុងផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីប្រើហិង្សាបណ្តាលឲ្យនារីរងគ្រោះស្លាប់ ជនសង្ស័យ បានយកសពដឹកតាមរ៉ឺម៉កយកទៅបោះចោលនៅឈានបនដ្ឋានវត្តទឹកថ្លា ។ នៅក្នុងការប្រើហិង្សារជនសង្ស័យមានគ្នា៣នាក់ ដែលម្នាក់គេចខ្លួនជាមេបន ។
ដោយមានការស្រាវជ្រាវសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យជាឃាតករ២នាក់ ហើយធ្វើសន្តិសីទបង្ហាញមុខនៅពេលនេះ ។ ចំណែកមេបនបានគេចខ្លួនបាត់ ។
តាមជនសង្ស័យ សារភាពឲ្យដឹងថា នៅដើមឆ្នាំ២០១៧ បងស្រីរបស់ខ្លួនឈ្មោះ ធូ (គេចខ្លួន) បានបើកហាងរកស៊ីផ្លូវភេទ ដោយមាននារីរកស៊ីផ្លូវភេទចំនួន២នាក់ហើយ បងបានអោយខ្លួន (ជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងចូវ) មើលការខុសត្រូវ ។ នៅដើមឆ្នាំ២០១៨ ជនរងគ្រោះមានជំងឺមិនអាចទទួលភ្ញៀវបានគ្រាប់គ្រាន់ ហើយខ្លួនបានប្រាប់បងស្រី ហើយបងស្រីជាម្ចាស់ហាង អោយប្រើអំពើហិង្សាទៅលើជនរងគ្រោះជារើយៗ ដោយប្រើរំពាត់អេះខ្នង វាយ ដៃ ជើងព្រមទាំងវាយទាត់ធាក់ទៅលើជនរងគ្រោះបង្ខំអោយទទួលភ្ញៀវ ។ នៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ បានធាក់ជនរងគ្រោះបណ្តាលអោយដួលបោកក្បាល់ ស្លាប់ហើយបងស្រីក៏បានអោយដឹកសពយកទៅទម្លាក់ចោលនៅវត្តតែម្តង៕
មតិយោបល់