ភ្នំពេញៈ បុរសម្នាក់បើកបរម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ដែលបើកបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចជាប់របងខាងមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសនារីមួយគូបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2797 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងឆ្លងផ្លូវបម្រុងទៅផ្លូវ២៥៣។ ខណៈដែលបត់ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ 1FW-3869 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងក្នុងល្បឿនយ៉ាងលឿន។ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តខាងលើចំទ្វារខាងក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យក្រពឹត ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ដោយឡែកអ្នកបើកបរម៉ូតូរងរបួសបាក់ជើងខាងស្តាំ និងបែកក្បាលសន្លប់ស្ដូកស្ដឹង ហើយក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកហុងហាក់ដឹកយកទៅសង្គ្រោះ ភ្លាមៗនោះដោយអ្នកបើកបររថយន្តព្រួយបារម្ភពី បុរសរងគ្រោះដែលជាអ្នកបើកបរម៉ូតូ ក៏បានឡើងបើករថយន្តចេញពីកន្លែងកើតហេតុដេញតាមពីក្រោយរថយន្តសង្គ្រោះបន្ទាន់រហូតដល់គ្លីនិកដើម្បីទៅមើលបុរសរងគ្រោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់