ព័ត៌មានជាតិ

ឃាត់ជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ករណីប្រើប្រាស់អាវុធខុសច្បាប់

រតនគិរីៈ ជនសង្ស័យ២នាក់ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់ និងធ្លាប់ជាប់ពាក់ព័ន្ធពីបទលួច ត្រូវសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍​ឡាបានសៀក បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការបន្ត ។

លោក ផន ទុំ នាយប៉ុស្តិ៍​សង្កាត់ឡាបានសៀកបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញកណ្ដាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំង អធិការក្រុងបានលុង និង កម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ឡាបានសៀកបាន ចុះអនុវត្តដីកាបង្កាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តរតនគិរីទៅលើឈ្មោះ ទិត្យ វ៉ាន់អែល ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅ ភូមិ ថ្មី សង្កាត់ ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពាក់ព័ន្ឋ ពីបទលួច។

លោកបន្តទៀតថា ខណៈពេលចាប់ខ្លួនកម្លាំងរបស់លោកដកហូតបាន អាវុធAK ស្វាយបត់ ០១ដើម បង់មួយ គ្រាប់ចំនួន ០៧ គ្រាប់ ម៉ូតូ ០១ គ្រឿង ប្រដាប់កាច់សោករម៉ូតូ ០១។

លោកបន្តថា ក្រោយការសាកសួរទៅលើឈ្មោះ ទិត្យ វ៉ាន់អែល រួចមកកម្លាំងបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឈីន សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរជាម្ចាស់អាវុធ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

លោកនាយប៉ុស្តិ៍​បានបញ្ជាក់ចុងក្រោយថា ក្នុងចម្លើយសារភាពរបស់ជនសង្ស័យនៅមានជនសង្ស័យជាបក្ខពួកម្នាក់ទៀត ដែលនិងត្រូវបន្តស្វែងរកចាប់ខ្លួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ចូនទៅកាន់តុលាការខេត្តរតនគិរី ចាត់ការតាមនិតិវិធី​៕​

មតិយោបល់