ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទំនិញនៅក្នុងតំបន់ទីក្រុងកោះពេជ្រ តំបន់ចាប់ពីសួនច្បារវិមានឯករាជ្យ ដល់តំបន់សួនច្បារសម្តេចតេជោហ៊ុន សែន និងតំបន់សួនច្បារមុខវត្តបទុមវត្តី ដល់ផ្សាររាត្រី ដើម្បីត្រួតពិនិត្យ អំពីអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់ រយៈពេលប្រើប្រាស់ និងសារធាតុគីមី ហាមឃាត់ ដែលប្រើប្រាស់លើ ផលិតផលម្ហូបអាហារ ។
គោលបំណង នៃការចុះពិនិត្យទំនិញ នៅថ្ងៃបុណ្យអុំទូកនេះ គឺដើម្បីធានាសុវត្ថិភាព សុខភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសកីឡាករប្រណាំងទូក ដែលអញ្ជើញមកលេងកម្សាន្តនៅតំបន់ប្រារព្ធពិធីបុណ្យជៀសវាងការទទួលទានអាហារ នំចំណី និងភេសជ្ជ:ផ្សេងៗ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់…។ ល ។
ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ និងស្តង់លក់ទំនិញ ។
ជាលទ្ធផល៖ មន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូតងៀតបបែល ចំនួន ០,៣០ គីឡូក្រាមមានវត្តមានសារធាតុគីមីបូរ៉ាក់ មករក្សាទុកដើម្បីកំទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលបានណែនាំឱ្យបងប្អូនអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសផលិតផល ម្ហូបអាហារមកដាក់តាំងលក់ និងប្រើប្រាស់ ជៀសវាងការ ដាក់តាំងលក់ ឬទិញម្ហូបអាហារដែលខូចគុណភាព មានចម្លងមេរោគ ហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមី ហាមឃាត់យកមកប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ និងបានបិទផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពមកបរិភោគផងដែរ៕
មតិយោបល់