ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាម្តាយម្នាក់ បន្ទាប់ពីដើរធ្វើសកម្មភាពជាមួយកូនលួចលុយ១,២៥០,០០០រៀល ខណៈជនរងគ្រោះកំពុងរវល់លក់ដូរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារច្រាំងចំរេះ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ចេង លីនដា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មានលេខ ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ រួមដំណើរជាមួយកូនប្រុស អាយុ៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានត្រូវឪពុកធានាយកទៅវិញ។
ជនរងគ្រោះម្ចាស់ប្រាក់ឈ្មោះ ម៉ៅ ឆេង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៧ ក្រុម៧ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។
ប្រភពដដែលបន្តថានៅវេលាម៉ោងថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុងរវល់លក់ដូរស្រាប់តែជនសង្ស័យទាំង២នាក់ម្តាយកូនខាងលើបានធ្វើសកម្មភាពលួចយកប្រាក់រៀលចំនួន១,២៥០,០០០រៀល ភ្លាមនោះជនរងគ្រោះក៏ផ្អើលឆោទ្បោលឺដល់កម្លាំងសម្ថកិច្ចដែលកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារច្រាំងចំរេះក៏ធ្វើអន្តរាគមន៍ឈានដល់ឃាត់ខ្លួនជនសង្ស័យព្រមទាំង វត្ថុតាងប្រាក់រៀលចំនួន១,២៥០,០០០រៀល ដែលជារបស់ជនរងគ្រោះ។
ក្រោយឃាត់ខ្លួនជនសង្ស័យជាម្តាយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕
មតិយោបល់