ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូមួយគ្រឿង ដេកក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើលទាំង​ព្រឹក​ ​ខណៈប្រទះ​ឃើញ​ម៉ូតូសេ១២៥ មួយគ្រឿង ក្នុងទឹកស្រះមួយកន្លែង​ ដែលសង្ស័យជាប់ពាក់ព័ន្ធទៅនឹងបទល្មើសលួចបានហើយ តែយកទៅ​មិនរួច ទើបរុញទម្លាក់ទឹក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ​​ស្ថិត​នៅ​ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​ខាងលើនេះ ​កើតឡើង​បន្ទាប់​ពី​ប្រជា​ពលរដ្ឋប្រទះឃើញ​ម៉ូតូសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1C-1219 ស្ថិត​ក្នុងស្ថានភាព អស់គ្រឿងមួយចំនួន មិនដឹងមូលហេតុ មិនស្គាល់ម្ចាស់ ប្រទះឃើញនៅក្នុងស្រះទឹក ​ក៏​រាយការណ៍ទៅសមត្ថកិច្ច​ចុះអន្តរាគមន៍​ភ្លាមៗ ដើម្បី​បើកការស៊ើបអង្កេត​ស្រាវជ្រាវរកម្ចាស់ និង​មូលហេតុពិត។

​​​ប្រភព​បន្តថា ​តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូខាងលើ បន្ទាប់ពី​ពួកគាត់​ធ្វើដំណើរឆ្លងកាត់តាមមាត់ស្រះទឹក ស្រាប់​តែ​​ប្រទះឃើញដូចនេះ ក៏​រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ នៅកន្លែងកើតហេតុ ពលរដ្ឋខ្លះដាក់ការសង្ស័យថា ប្រហែល​ជា​មានជនល្មើស លួចពីទីណាមកហើយ ជិះទៅមុខលែងរួច ទើបរុញទម្លាក់ទឹក ខ្លះលើកឡើងថា ​ប្រហែល​ជា​ម្ចាស់ស្រវឹងជ្រុល ទើបជិះធ្លាក់ទឹក ព្រោះនៅកន្លែងកើតហេតុមានសល់សាច់ក្លែម និងដបស្រានៅជិតមាត់នោះ​ដែរ។

តែទោះជាមាន​ការលើកឡើងផ្សេងៗគ្នាយ៉ាងណាក៏ដោយ មូលហេតុយ៉ាងណានោះ ពុំទាន់ដឹងច្បាស់នៅឡើយ ហើយសមត្ថកិច្ច ស្រង់លើកម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍កាកាប រងចាំស្រាវជ្រាវរកម្ចាស់ ទើបដឹងមូលហេតុពិតប្រាកដ៕

មតិយោបល់