ព័ត៌មានជាតិ

នគរបាលបង្រ្កាបក្រុមចោរលួច២ករណីឃាត់ខ្លួនជនសង្ស័យ៣នាក់

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដោយពាក់ព័ន្ធពីបទលួច ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ករណីទី១ ករណីលួចម៉ូតូកង់បី ជនសង្ស័យឈ្មោះ ខាំ សុង ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅមិនពិតប្រាកដជាអ្នកដើររើសអេតចាយ នៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ជននេះបានធ្វើសកម្មភាពលួចម៉ូតូកង់បី របស់ឈ្មោះ ក្រត ជាតិ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីបាត់ម៉ូតូជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចតាមស្រាវជ្រាវចាប់បានជនសង្ស័យ ចំណែកវត្ថុតាងម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខាំ សុង បានសារភាពថា ៖ គេពិតជាបានលួចយកម៉ូតូកង់បីនោះ ។

លោកអធិការបានបញ្ជាក់ថា ៖ ចំពោះជនសង្ស័យចំនួន២នាក់ទៀតម្នាក់ឈ្មោះ ថង ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធី រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទាំង២នាក់ នៅភួមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានល្បាតតាមខ្សែបន្ទាត់ព្រំដែនប្រទះឃើញជនសង្ស័យទាំង២នាក់ ក្នុងនោះមានម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកទីណាសេរីចាស់ និង១គ្រឿងម៉ូតូកង់បី ក្នុងនោះគឺរកឃើញកូនសោរសម្រាប់ដោះខ្ចៅមួយចំនួន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន ។ចំពោះម៉ូតូកង់បីត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ដោយឡែកម៉ូតូទីណាសេរីចាស់ ជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោកអធិការបានបញ្ជាក់បន្ថែមជនសង្ស័យទាំង៣នាក់ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀន និងជាក្រុមលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ៕

មតិយោបល់