ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល ​រកឃើញងៀតបបែល​មានផ្ទុកសារធាតុគីមីហាមឃាត់​ នៅតាមបណ្តាផ្សារ​ក្នុងរាជធានីភ្នំពេញ!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ចន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គុយទាវសរសៃតូច-ធំ គុយទាវកាត់ ប្រហុកលត បាញ់កាញ់ ទឹកខ្មេះគ្រប់ប្រភេទ សាច់ក្រក គ្រឿងសមុទ្រ ឈាមជ្រូក ជ្រក់គ្រប់មុខ មីគ្រប់មុខ ប្រហិតគ្រប់មុខ ត្រីងៀតគ្រប់មុខ ងៀតបបែល និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល៖ មន្ត្រីជំនាញ បានរកឃើញងៀតបបែលចំនួនសរុប ១៦.៥០ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ហើយធ្វើការដកហូត និងដុតកម្ទេចចោលនៅនឹងកន្លែង ព្រមទាំងឲ្យម្ចាស់ងៀតបបែលធ្វើកិច្ចសន្យាបញ្ឈប់ការលក់ក្នុងរូបភាពណាមិនប្រក្រតីបន្តទៀត។ ក្នុងថ្ងៃដដែលនោះដែរមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់