ព័ត៌មានជាតិ

ញាក់សាច់! សមត្ថកិច្ចបង្រ្កាបបានជនជាតិចិន​២៣៥នាក់ ពាក់ព័ន្ធករណីចាប់​ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត នៅខេត្តតាកែវ!

តាកែវៈ នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​៩និង៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងមានកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន៤ទីតាំងផ្សេងគ្នា ក្នុងនោះ​៖
-ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។
-ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់ និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់។

សរុបទាំង០៤ទីតាំង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន ២៣៥នាក់ ស្រី ៣៦នាក់ ព្រមទាំងដកហូតនូវសម្ភារ:សម្រាប់ធ្វើសកម្មភាពមួយចំនួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់