ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យឆេះសន្ធោសន្ធៅអស់៦បន្ទប់ម្ចាស់ផ្ទះរងរបួសក្នុងខណ្ឌមានជ័យ

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះបន្ទប់ជួលអស់ចំនួន៦បន្ទប់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៦៨៩Z3 ក្រុម១៧ ភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសូរសំឡេងផ្ទុះ និងមានផ្សែងហ៊ុយចេញពីបន្ទប់ជួលដែលនៅកណ្តាលគេ និងមានម្ចាស់ជួលស្នាក់នៅឈ្មោះ តាវ៉ាន់ ដែលមិននៅផ្ទះហើយចាក់សោចោល ភ្លាមៗប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាជួយពន្លត់ដែរ តែមិនអាចគ្រប់គ្រងបានក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់។ ទោះជាយ៉ានេះក្តីក៏ភ្លើងបានរាលដាលដល់បន្ទប់ផ្សេងទៀតដែលនៅជាប់ៗគ្នា សរុបអស់ចំនួន៦បន្ទប់ ទៅហើយ ភ្លាមៗកងកម្លាំងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៤គ្រឿង ស្មើនឹង១៦ម៉ែត្រគូប ទើបរលត់ទៅវិញជាស្ថាពរ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះជួលមានឈ្មោះ លឹម អៀ អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះហើយបន្ទប់ដែលឆេះនេះមាន
ទំហំ១៥គុណនឹង១៥ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សី ហើយក្នុងករណីនេះក៏បានបណ្តាលឲ្យម្ចាស់ផ្ទះជួលរងរបួសផងដែរ ដោយសារព្យាយាមចូលទៅពន្លត់ភ្លើងដែលកំពុងឆេះ។

រីឯមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ៕

មតិយោបល់