ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង ខណៈ​ដែលមិត្តភក្តិម្នាក់ជិះម៉ូតូមួយគ្រឿងមកទទួលយកទៅធ្វើការ ហើយមិនឃើញរូបគេមកឈររង់ចាំដូចរាល់ដង​ ក៏​ឡើងទៅដាស់មិនភ្ញាក់ ទើបដឹងថា ស្លាប់​ បង្ក​ការភ្ញាក់ផ្អើលទាំងងព្រឹក។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ១០C ផ្ទះជួលដីឡូត៍លេខ ៦០៧ ផ្លូវលំ ក្រុម៥ ភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

​តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ដាំ ឌីណា អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ (នៅលីវ)ស្នាក់នៅបន្ទប់ផ្ទះជួល កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រភព​បន្តថា មុនពេលកើតហេតុ ខណៈ​ដែលបុរសជា​មិត្តភក្តិម្នាក់បានជិះម៉ូតូមួយគ្រឿងមកទទួលយកបុរសរងគ្រោះទៅធ្វើការ តែមិនបានឃើញរូបគេមកឈររងចាំនៅខាងក្រោមដូចសព្វមួយដងនោះទេ ក៏ទូរស័ព្ទហៅតែមិនមានអ្នកណាម្នាក់លើកឡើយ​ ​ បុរសរូបនោះបានឡើងទៅគោះទ្វារហៅក៏មិនបើកទ្វារទៀត ក៏បានបើកបង្អួច និងយកឈើទៅឆ្កឹះក៏មិនក្រោក ក៏ហៅអ្នកជិតខាងឱ្យជួយមើល និងធាក់ទ្វារបើកចូលទៅមើលទើបដឹងថា បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ និងមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានឱ្យដឹងពីរឿងហេតុនេះ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញចក្ខុរបស់ខណ្ឌមានជ័យចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យទៅលើសពរបស់បុរសរងគ្រោះទើបដឹងថា រូបគេបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺខ្យល់គរ និងប្រគល់ទៅឲ្យក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតវិញ៕

មតិយោបល់