រតនគិរីៈ ឈើសុក្រំជាច្រើនកំណាត់ដែលឈ្មួញកាប់ចេញពីតំបន់ព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃលំផាត់ដឹកតាមគោយន្តកែច្នៃ តែត្រូវបែកការបានបែនឈើទម្លាក់ចោលនៅក្នុងដីសម្បទានមួយកន្លែង ស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រជាពលរដ្ឋនៅភូមិខាងលើបានរាយការណ៍មកអ្នកសារព័ត៌មានថា មានរថយន្តកែច្នៃចំនួន៤គ្រឿង បានដឹកឈើនាំចេញទៅប្រទេសវៀតណាមទាំងយប់តែត្រូវបែកការដោយសារអ្នកសារព័ត៌មានសុំកិច្ចសហការពីមន្ត្រីជំនាញពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានរថយន្តកែច្នៃកំពុងដឹកឈើនាំចេញទៅប្រទេសវៀតណាមតាមច្រកប៉ុស្ថិ៍នគបាលការពារព្រំដែនលេខ៧០៥ អូរថ្ម។
ខណៈនោះម្ចាស់គោយន្តក៏បានបែនឈើទម្លាក់ចោលទៅវិញយ៉ាងតក់ក្រហល់ដូចជាដឹងសភាពការជាមុន ហើយក៏បើគោយន្តគេចទៅបាត់បន្សល់ទុកនៅតែឈើស្រស់ៗ ចំនួន១១៦ដុំ មានមុខកាត់ឡាំងបួនជ្រុង៣០x៤០ប្រវែង៣ទៅ៤ម៉ែត្រនៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន៧២ម៉ែនសារុន ស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយាដាវ ខេត្តរតនគិរី។
តាមប្រភពច្បាប់ការណ៍បានឲ្យដឹងថា មានក្រុមឈ្មួញចំនួន៤នាក់ ទី១.ឈ្មោះអាធីន ភេទប្រុស ទី២.ឈ្មោះ អាម៉ៅ ភេទប្រុស ទី៣.ឈ្មោះ អាទី ភេទប្រុស ទី៤.ឈ្មោះ អាម៉ាប់ ភេទប្រុស ឈ្មួញដុះស្លែទាំង៤នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ។
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ អ្នកសារព័ត៌ទំនាក់ទំនងទៅលោក ហេង រតនា ស្នងការរងទទួលកិច្ចការព្រំដែនគោក ហើយលោកក៏បានបញ្ជារកម្លាំងចំនួន៥នាក់ចុះមកត្រួតពិនិត្យឈើនៅក្នុងដីសម្បទានក្រុមហ៊ុន៧២។
ចំណែកលោក នូវ ដារា ប្រធានការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ថា ដោយសារខាងលោកខ្វះថវិកាក្នុងការដឹកជញ្ជូនឈើទាំងនេះ។
លោកបានបន្តទៀតថា កិច្ចការនេះលោកនិងប្រគល់ទៅឲ្យជំនាញរដ្ខបាលព្រៃឈើចាត់ការបន្ត។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមិនទាន់បានចាត់វិធានការបែបណានៅឡើយនោះទេ ឬមួយមិនហ៊ានបង្រ្កាបទេដឹងខ្លាចតែចុះទៅដល់គ្រាន់តែល្អមើលទៅស្រួលមិនស្រួលយប់នេះ ប្រហែលឈើទាំងនោះដល់ប្រទេសវៀតណាមហើយមើលទៅ៕
មតិយោបល់