សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារញ៉ែ (តាភុល) ស្ថិតក្នុងភូមិតាភុល ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងសកម្មភាពនោះដែរ មន្ដ្រីជំនាញបានធ្វើការវិភាគជាបឋមដោយប្រើឧបករណ៍តេស្ដឃីត លើផលិតផលម្ហូបអាហារ បន្លែ និងផ្លែឈើ ចំនួន១៣ គំរូ ដូចជា៖ សណ្តែកបណ្តុះ លត គុយទាវភ្នំពេញ ជ្រក់ស្ពៃ តៅហ៊ូ ជ្រក់មម៉ាញ ខ្ញីហាន់ ផ្អក នំបញ្ចុក ទំពាំងបាយជូ មៀន ឡុងកុង សាវម៉ាវ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ជាលទ្ធផល មន្រ្ដីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ក្នុងផលិតផលទាំងនោះឡើយ។ ជាមួយគ្នានោះដែរមន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីហាមឃាត់មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕
មតិយោបល់