ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី នៅចំណុចមុខបន្ទាយទាហាន ក្រុមទី០២ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (អាវុធកាំបិត) កើតឡើង០១ករណី ទៅលើជនរងគ្រោះពីរនាក់ ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លីន សុខណា ហៅ ចេក ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពីរនាក់ ១.ឈ្មោះ ព្រន ធារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ (រងរបួសត្រង់កដៃខាងឆ្វេងប្រវែង ០៧សង់ទីម៉ែត្រ) ។ ២.ឈ្មោះ គ័ង សុខជា ភេទប្រុស អាយុ ២៦ ឆ្នាំ (រងរបួសត្រង់កំភួនដៃខាងឆ្វេងប្រវែង០៦សង់ទីម៉ែត្រ)
ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះ គឺបណ្តាលមកពីមានជម្លោះទាស់សំដីគ្នា ។
នាពេលនេះ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់