ព័ត៌មានជាតិ

ជនជាតិវៀតណាមប្រុសស្រី៥នាក់ ត្រូវនគរបាលអន្តោប្រវេសន៍នាំខ្លួន ទៅកាន់អគ្គនាយកដ្ឋាន

ភ្នំពេញៈ នគរបាលអន្តោប្រវេសន៍ បាននាំខ្លួនជនជាតិវៀតណាមប្រុសស្រី៥នាក់ ដែលបានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងធ្វើការសាកសួរតាមនីតិវិធី។

ដោយទ្បែកនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអមផង បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជនបរទេសនៅចំណុច៖ ផ្លូវជាតិលេខ៥ ក្រុម​៤ ភូមិក សង្កាត់ច្រាំងចំរេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃើញមានជនបរទេសជាជនជាតិវៀតណាមចំនួន៨៥នាក់ស្រី ៤៥នាក់ ក្នុងនោះ៖

១-ជនជាតិវៀតណាមចំនួន ៨០នាក់​ស្រី ៤៤នាក់ បានកាន់កាប់ និងប្រើប្រាស់ឯកសារត្រឹមត្រូវ រួមមាន៖ បង្កាន់ដៃបង់ប្រាក់ចំនួន ៧៥ច្បាប់ ប្រកាសទទួលស្គាល់ចំនួ១៥ច្បាប់ បង្កាន់ដៃស្នើសុំដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តចំនួន៧៥ច្បាប់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន១៥ច្បាប់ ។​

ចំណែកជនជាតិវៀតណាមចំនួន ០៥នាក់ ស្រី ០១នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។​

ក្រុមប្រតិបត្តិការចម្រុះ បានបញ្ជូនជនជាតិវៀតណាមចំនួន០៥ នាក់ ស្រី ០១នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕

មតិយោបល់