ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ខណៈដែលទើបចុះពីរថយន្តឈ្នួល រៀបនឹងបន្តដំណើរឡើងជិះរថយន្ត ឈ្នួលផ្សេងមួយគ្រឿងទៀត ដើម្បីបន្តទៅស្រុក ស្រាប់តែខ្យល់គ ដួលសន្លប់ស្តូកស្តឹង ផ្អើលអ្នកជិតខាងជួយ និងហៅរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅជាប់របងក្រុមហ៊ុនលក់រថយន្ត ខាងត្បូងរង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះ ឈ្មោះ ភាព ស្រីល័ក្ខ អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ រួមដំណើរជាមួយបងស្រីបង្កើតម្នាក់ទៀត ជិះរថយន្តឈ្នួល វិលមកពីខេត្តកំពង់ស្ពឺ មកចុះត្រង់ចំណុចខាងលើ ដើម្បីរងចាំរករថយន្តឈ្នួល ឡើងជិះបន្តទៅស្រុកបន្ទាយមាស ខណៈចុះពីលើរថយន្ត មកពីខេត្តកំពង់ស្ពឺហើយ បងស្រីកំពុងរើដាក់ឥវ៉ាន់ចុះ ដើម្បីដាក់ទៅរថយន្តផ្សេងមួយទៀត ស្រាប់តែនារីរងគ្រោះ ជាប្អូនស្រី ឈរសុខៗ កើតមានអាការៈងងឹតវិលមុខ ខ្យល់គ ដួលសន្លប់ទន់ដៃជើង ផ្អើលអ្នកក្បែរខាង ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីសង្រ្គោះអាយុជីវិត ។
តាមស្រ្តីត្រូវជាបងស្រីបង្កើតរបស់នារីខាងលើ បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ មានជំងឺម្យ៉ាង តាមជំនឿរបស់ខ្មែរយើង ហៅថា ស្កន់ជាន់ ឬឆ្គួតជ្រូក ដល់ម៉ោង ដល់វេលាប្រកាច់បែបនេះហើយ ។ ក៏ប៉ុន្តែ បើតាមការពិនិត្យជាក់ស្តែង ឃើញថា នារីរងគ្រោះ មានអុកស៊ីសែនក្នុងឈាម ធ្លាក់ចុះខ្សោយ បេះដូងចង់គាំងម្តងៗទៅហើយ ដោយមើលឃើញស្ថានភាពបែបនេះ ទើបប្រញាប់ប្រញាល់ ដឹកបញ្ជូនយកទៅសង្រ្គោះ៕






មតិយោបល់