ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នា រាយការណ៍ជូនសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ក្រោយពីបុរសរូបនេះស្រវឹង ជិះក្នុងរថយន្តក្រុង ហើយបាននិយាយទូរសព្ទជាមួយមិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើងមកជាមួយកំពុងរត់គេចមកភ្នំពេញ»។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ ឈុន សារី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករចាក់លូ បានជិះរថយន្តក្រុងពីអ្នកលឿងមកភ្នំពេញ ហើយក៏បាននិយាយទូរសព្ទជាមួយមិត្តភក្តិ ថា«ខ្លួនបានជ្រុលដៃសម្លាប់គេ ហើយមានកាំភ្លើងមកជាមួយកំពុងរត់គេចមកភ្នំពេញ» តែត្រូវបាន សមត្ថកិច្ចអន្តោប្រវេសន៍ម្នាក់ ដែលជិះក្នុងរថយន្តក្រុងជាមួយគ្នាស្តាប់លឺបានរាយការណ៍ជូនសមត្ថកិច្ច លុះដល់ចំណុចដែលរថយន្តឈប់ មានសមត្ថកិច្ចនៅក្បែរនោះ គ្រាន់តែឃើញសមត្ថកិច្ចជនសង្ស័យបានព្យាយាមរត់តែម្តង តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចំការមន ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់