ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង និងបណ្ដាលឲ្យអ្នកបើកបររងបួស

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត​ ត្រង់ចំណុចស្តុបផ្សារទំនើប AEON2 តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធមួយគូបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសLX570 ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ 062-7999 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុរថយន្តនោះក៏បានបត់ឆ្វេងឆ្លងទៅផ្លូវ១០០៣ ខណ:ពេលដែលឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BE-1183 ដែលបើកបរដោយបុរសម្នាក់ទិសដៅបញ្រ្ចាសទិសគ្នាជាមួយរថយន្ត លុចស៊ីស LX570 និងក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តតូយ៉ូតាព្រូសរងការខូចខាតរយះកដៃខាងស្តាំ និងរថយន្តបានខូចខាតមួយកំណាត់មុខ ចំណែកឯរថយន្តលុចស៊ីសLX570 បានរងការខូចខាតក្រពឹតមួយចំហៀងខាងស្ដាំយ៉ាងដំណំ។

ក្រោយពេលកើតហេតុដោយភាគីទាំងពីរ មិនអាចធ្វើការចរចាដោះស្រាយគ្នាបានទើបសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ជានៅពេលក្រោយជាបន្តទៀត៕

មតិយោបល់