ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ នៅផ្លូវជាតិលេខ៤!

កំពង់ស្ពឺ: កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅលើផ្លូវជាតិលេខ​៤ ចន្លោះគីឡូម៉ែត្រ ៧៤-៧៥ ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​​រថយន្តបង្ក​ម៉ាក នីសាន់ (បែន) ពណ៌ស គ្មានស្លាក​លេខ អ្នកបើកបរ​​ឈ្មោះ លី ហុង ភេទប្រុស អាយុ​២៥ឆ្នាំ នៅភូមិស្ទឹងកណ្តៀត ឃុំកណ្តៀង ខេត្តពោធិ៍សាត់ បើកបរមកពី​លិចទៅ​កើត មកដល់ចំណុចកើតហេតុ បានបុករថយន្ត​មិនស្គាល់ម៉ាក ដែលបើកបរទិសស្របគ្នា ​ស្របពេលនោះ ក៏មានរថយន្ត​២​គ្រឿង​បានមកបុក បន្តគ្នា ពីក្រោយ។ រថយន្តទាំង២គ្រឿងនោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8126សឺមីរ៉ឺម៉ក ពណ៌​ស ពាក់ស្លាកលេខ ព្រះសីហនុ​4A.3505 អ្នកបើកបរ ឈ្មោះ ឌី សុះរើន ភេទប្រុស អាយុ១៩​ឆ្នាំ រស់នៅភូមិ ដំណាក់ត្រាច ឃុំដំបូករោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​3A.​6311 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ​4A-1631 អ្នកបើកបរ​ឈ្មោះ សំអូន ភេទ ប្រុស ដែលបើកបរស្របទិសគ្នា បណ្តាលអ្នកបើកបរ ​ទាំង​៣នាក់រងរបួស ត្រូវបាន​រថយន្តសង្គ្រោះ​ពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​។

វត្ថុតាងទាំង៣គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕​

មតិយោបល់