ព័ត៌មានជាតិ

ការធ្វើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺមានគោលដៅផ្តោតលើកងកម្លាំងដែលស្វែងរកឯករាជ្យភាពផ្លូវការ

(Reuters) – នៅថ្ងៃពុធនេះ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថាការធ្វើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺមានគោលដៅផ្តោតលើកងកម្លាំងដែលស្វែងរកឯករាជ្យភាពផ្លូវការរបស់កោះនេះ និងជាសកម្មភាព”ត្រឹមត្រូវ”​ដើម្បីការពារសន្តិភាព និងស្ថិរភាព។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនក៏បាននិយាយផងដែរថា ការធ្វើសមយុទ្ធនេះសំដៅលើការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់បាននិយាយថា ភាពតានតឹងផ្នែកយោធាជាមួយចិន ដែលចិនអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន គឺមានសភាពអាក្រក់បំផុត​ក្នុងរយៈពេលជាង ៤០ឆ្នាំមកហើយ ដោយបន្ថែមថា ប្រទេសចិននឹងមានលទ្ធភាពបង្កើនការលុកលុយ”ទ្រង់ទ្រាយធំ”នៅត្រឹមឆ្នាំ២០២៥។

លោកបាននិយាយបន្ទាប់ពីប្រទេសចិនបានបង្កើនការលុកលុយដោយកងកម្លាំងទ័ពអាកាសចំនួនបួនថ្ងៃជាប់ៗគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ចូលទៅក្នុងតំបន់ដែលកំណត់ថាជាកន្លែងការពារដែនអាកាសរបស់កោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃ​អ្វីដែលទីក្រុងតៃប៉ិចាត់ទុកថា ជាការបង្កើនការយាយីដោយយោធាដោយទីក្រុងប៉េកាំង។

ការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង លោក Ma Xiaoguang ជាអ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបាននិយាយថា មូលហេតុនៃភាពតានតឹងនាពេលបច្ចុប្បន្ននេះគឺ”ការឃុបឃិត”របស់គណបក្សចំរើនប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ដែលកំពុងកាន់អំណាចជាមួយកងកម្លាំងបរទេសនិង“ការបង្កហេតុ” ជុំវិញការស្វែងរកឯករាជ្យភាពរបស់កោះតៃវ៉ាន់។

លោកបានបន្ថែមថា ការធ្វើសមយុទ្ធរបស់ចិនគឺសំដៅទៅលើការឃុបឃិតគ្នា និងសកម្មភាពនានាបំបែកខ្លួនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនេះ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាការនិយាយសំដៅ​ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ៕

មតិយោបល់