ព័ត៌មានជាតិ

សាហាវណាស់! បើករថយន្តបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ ហើយខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត របួសធ្ងន់៤នាក់!

ភ្នំពេញ: យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីមានរថយន្ត១គ្រឿងបើកបរក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ និងខ្ទាតរបាំងថ្មទៅបុកម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។

ករណីនេះកើតឡើងនៅម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរអគ្គស្នងការនគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញរថយន្តបង្កម៉ាក Morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AP-0292 ដោយមានប្រុសស្រី២នាក់បានរួមដំណើរជាមួយគ្នា បានបើកបរក្នុងល្បឿនយ៉ាងលឿនចេញពីស្ពានអាកាសក្បាលថ្នល់ទិសដៅពីត្បូងទៅជើង ហើយស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនិងរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យប្រុសស្រី២នាក់ក្នុងរថយន្តរងរបួសធ្ងន់ទាំង២នាក់ផងដែរ។ រីឯរបាំងថ្មក៏បានបាក់អស់២កង់ខ្ទាតទៅបុកម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសគ្នា បណ្ដាលឲ្យបុរស២នាក់របួសធ្ងន់ថែមទៀត ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ភាគីរថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕

មតិយោបល់