ភ្នំពេញៈ កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខធ្វើការជិះល្បាតក្នុងមូលដ្ឋាននិងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២ក្រុមផ្សេងគ្នា ដោយមួយក្រុមបានធ្វើការឃាត់បន្ទាប់ពីលួចម៉ូតូមួយគ្រឿង និងមួយក្រុមទៀតធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញ ឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយកំផ្លេ។ ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតស្ថានីយប្រេងឥន្ធនៈ LHR ប្រមាណ៥០ម៉ែត្រ តាមបណ្ដោយផ្លូវដីថ្មី ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បើតាមសម្តីពីកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខបានឲ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងពួកគាត់បានធ្វើការជិះល្បាតក្នុងមូលដ្ឋានដើម្បីកាត់បន្ថយនិងទប់ស្កាត់បទល្មើសដែលកើតឡើងដោយប្រការណាមួយ។ លុះជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២ក្រុម កំពុងបណ្តើរម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FS-3128 តាមដងផ្លូវខាងលើ ដោយមានការសង្ស័យ ក៏ហៅជនសង្ស័យឲ្យឈប់ដើម្បីធ្វើការឆែកឆេរ តែខណៈនោះស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើបានផ្តួលម៉ូតូចោលរួចព្យាយាមរត់គេចខ្លួន តែក៏ត្រូវបានកម្លាំងពួកគាត់ដេញចាប់ឃាត់បានមកវិញ និងដកហូតបានដាវកែច្នៃមួយដើម។ក្រោយមកបន្ទាប់ពីកម្លាំងពួកគាត់ធ្វើការសាកនាំទៅលើជនសង្ស័យទាំង២នាក់ខាងលើបានឆ្លើយសារភាពថាម៉ូតូដែលពួកគេបណ្តើរខាងលើ គឺជាម៉ូតូដែលពួកគេទើបតែលួចពីខាងមុខបន្ទប់ជួលដែលនៅក្បែរនោះ។
ប្រភពដដែលបន្តថាភ្លាមៗនេះក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា២នាក់ផ្សេងទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-2400 ដោយក្នុងលក្ខណៈសង្ស័យ។ លុះពេលក្រុមជនសង្ស័យខាងលើនោះ ជិះមកដល់ចំណុចកើតហេតុ កម្លាំងពួកគាត់ក៏បានហៅស្ទាក់ឲ្យឈប់ដើម្បីធ្វើការឆែកឆេរ ហើយខណៈពេលដែលកំពុងធ្វើការឆែកឆេរក៏បានប្រទះឧបករណ៍សម្រាប់កាច់សោ កម៉ូតូមួយកំផ្លេនៅខាងក្រោមកែបម៉ូតូរបស់ក្រុមជនសង្ស័យទាំងពីរនាក់នោះ រួចកម្លាំងពួកគាត់ក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
ក្រោយមកសមត្ថកិច្ចបានឲ្យដឹងក្រុមជនសង្ស័យដែលបានធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ១ខាងលើ។ ទី១មានឈ្មោះ ភក្រ័ តុលារ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី២មានឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទាប់ជួល ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកឯក្រុមជនសង្ស័យមួយក្រុមទៀតដែលធ្វើសកម្មភាពលួចម៉ូតូខាងលើ ទី១មានឈ្មោះ តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ ទី២មានឈ្មោះ ពេជ្រ សុខ ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ ស្នាក់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២ក្រុមខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
មតិយោបល់